ទំនុកច្រៀង (Lyric)
១.អ័ដាមអេវ៉ា មាតាបិតាលោក ព្រះបង្កើតមកពីល្អងធូលី
ទ្រង់ប្រទានពរឲ្យរស់គ្រងធរណី តែលោកទាំងពីររំលងច្បាប់ព្រះ ។
ដោយសារចាញ់កល ល្បិចពស់លួងលោម ចិត្តឆោតយល់ព្រម
ស៊ីផ្លែឈើព្រះហាមច្បាស់ ទើបទ្រង់បណ្ដេញ ឲ្យចេញស្រឡះ
ពីសួនច្បារព្រះ ឃ្លាតដើមជីវិត ។
២.តាំងពីនោះមកមនុស្សលោកធ្លាក់ក្នុងបាប ហើយក៏ត្រូវស្លាប់បាត់បង់ជាពិត
បានឆ្លងរាលដាលគ្រប់គ្នាសូន្យជីវិត រងទុក្ខថេរឋិតក្នុងភ្លើងនរក ។
តែព្រះស្រឡាញ់ មនុស្សនៅក្នុងលោក ចង់ឲ្យបែរមក
តាមទ្រង់ទើបបានក្ដីសុខ កាន់ក្រិត្យវិន័យ ធ្វើតាមគ្រប់មុខ
នុ៎ះទ្រង់ដោះទុក្ខ ដោយក្ដីមេត្តា ។
៣.ប៉ុន្ដែមនុស្សលោក ចេះតែប្រព្រឹត្តខុស ព្រោះខ្សោយជ្រុលជ្រួសរំលងសញ្ញា
ទើបទ្រង់ប្រទានអង្គព្រះរាជបុត្រា មកក្នុងលោកាយកភាពជាមនុស្ស។
ទ្រង់មកហើយផ្សាយនូវព្រះបន្ទូល បញ្ចុះបញ្ចូល រួចទទួលស្លាប់ជំនួស
អ្នកណាព្រមជឿតាម បានសង្គ្រោះ ទ្រង់ប្រោសឲ្យរស់ជីវិតអស់កល្ប។