ទំនុកច្រៀង (Lyric)
១.ខ្ញុំទុកចិត្តលើទ្រង់ហើយ ព្រះអម្ចាស់យេស៊ូវអើយ សូមទ្រង់ជួយដឹកដៃ នាំខ្ញុំដើរក្រេមកេម្តៅថ្ងៃ
ឆ្លងកាត់ស្បៃរាត្រី ឲ្យផុតពីដៃខ្មាំង ទោះមានភ័យយ៉ាងណា ខ្ញុំដឹងថាឈាមទ្រង់ជាទីអាង
ជួយគ្របបាំង លុបការអាស្រូវ ឈាមជួយគ្របបាំង លុបការអាស្រូវ ។
២.ខ្ញុំទុកចិត្តលើទ្រង់ហើយ ព្រះអម្ចាស់យេស៊ូវអើយ សូមនាំខ្ញុំដើរទៅ ខ្ញុំដឹងច្បាស់ថាទ្រង់រៀបផ្លូវ
ដែលអាចនាំខ្ញុំទៅ ដល់ទីដៅសុខសាន្ត ទោះឧបស័គ្គយ៉ាងណា ខ្ញុំដឹងថាឈើឆ្កាងទ្រង់ជាសា្ពន
អាចឆ្លងបាន ផុតជ្រោះមរណា ខ្ញុំអាចឆ្លងបាន ផុតជ្រោះមរណា ។
៣.ខ្ញុំទុកចិត្តលើទ្រង់ហើយ ព្រះអម្ចាស់យេស៊ូវអើយ សូមទ្រង់បោសមេត្តា ដឹកដៃខ្ញុំកាត់ភាពអន្ឋិកា
នាំខ្ញុំចរយាត្រា ដល់ត្រើយនៃជីវិត ទោះគ្រោះថ្នាក់យ៉ាងណា ខ្ញុំដឹងថាទ្រង់ជាមិត្តជិតស្និទ្ធ
ប្តូរជីវិត រងគ្រោះជួសខ្ញុំ ទ្រង់ប្តូរជីវិត រងគ្រោះជួសខ្ញុំ ។
៤.ខ្ញុំទុកចិត្តលើទ្រង់ហើយ ព្រះអម្ចាស់យេស៊ូវអើយ សូមជួយទូលបង្គំ ខ្ញុំវង្វេងក្នុងសាគរធំ
សូមទ្រង់ជួយនាំខ្ញុំ ឲ្យជួបនឹងកោះត្រើយ ទោះបីព្យុះយ៉ាងណា ខ្ញុំដឹងថាទ្រង់គង់ជិតបង្កើយ
ចាំហុចដៃ ស្រង់យកខ្ញុំឡើង ទ្រង់ចាំហុចដៃ ស្រង់យកខ្ញុំឡើង ។